សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់​ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅព្រឹក​ថ្ងៃទី៣សីហា ស្អែកនេះ

 ភ្នំពេញ៖ តាមគម្រោង នៅព្រឹកថ្ងៃទី៣សីហាស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ​ជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែង ៥៣គីឡូម៉ែត្រ និងទទឹង ២២ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅផ្លូវជាតិលេខ១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ផ្លូវក្រវាត់ក្រុងខ្សែទី៣ ភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចំណាយថវិកាសាងសង់​ប្រមាណ ២៧៣លានដុល្លារអាមេរិក។

​ក្រសួង​សាធារណការ និងដឹកជញ្ជូន ​បានលើកឡើងថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូម៉ែត្រ ក្នុងនោះ ផ្លូវមេ មានប្រវែង ៤៧,៦០៨គីឡូ​ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់ ២២សង់ទី​ម៉ែត្រ និងផ្លូវខ្នែង ប្រវែង ៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាល​បេតុងកៅស៊ូ(AC) ទទឹង ១០ម៉ែត្រ លើតួផ្លូវ ១២ម៉ែត្រ កម្រាស់បេតុងកៅស៊ូ ៩សង់ទីម៉ែត្រ កំណាត់ផ្លូវមេ ក្នុងទីប្រជុំជន ២,៨០គីឡូម៉ែត្រ មានទទឹង សរុប ២៧ម៉ែត្រ កំណាត់ផ្លូវមេក្រៅទីប្រជុំជន ៤៤,៨០គីឡូ ម៉ែត្រ មានទទឹងសរុប ២៥ម៉ែត្រ។ ខ្សែផ្លូវនេះ កាត់ភូមិសាស្ត្ររាជធានី ១៥,៤២គីឡូម៉ែត្រ និងកាត់​ភូមិសាស្ត្រខេត្តកណ្តាល ៣៧,៥៦គីឡូម៉ែត្រ (ផ្លូវមេ ៣២,១៩គីឡូម៉ែត្រ និងផ្លូវខ្នែង ៥,៣៧គីឡូម៉ែត្រ)។

​ផ្លូវថ្មីនេះ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិលេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិត ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវខ្នែង)។

គម្រោងផ្លូវនេះ មានស្ពានវែងប្រវែង ៩៩៦ម៉ែត្រ ក្នុងនោះ រួមមាន៖ ស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ ទទឹង ២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៤៥ម៉ែត្រ x ៨ម៉ែត្រ និងស្ពានបាសាក់​ខាងលិច ប្រវែង ៣៦៦ម៉ែត្រ និងទទឹង ២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៣០ម៉ែត្រ x ៥ម៉ែត្រ និងស្ពានមធ្យម និង​ខ្លី មានចំនួន ៦កន្លែង ប្រវែងសរុប ៤៨៨ ម៉ែត្រ ក្នុងផ្លូវមេ ៣៥៨ម៉ែត្រ និងផ្លូវខ្នែង ១៣០ម៉ែត្រ ស្ពានរំលងប្តូរ ទិសចំនួនពីរឋិត (Interchange) នៅផ្លូវជាតិលេខ២ ប្រវែងតួស្ពាន ២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍ បាន ៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ៣ ប្រវែងតួស្ពាន ២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០x៥,៥ម៉ែត្រ និងមានស្ពានរំលង (Flyover) ចំនួនពីរគឺស្ថិតនៅផ្លូវជាតិលេខ៤ ប្រវែងតួស្ពាន ៣៤៤ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ២១ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០x៥,៥ម៉ែត្រ។

គម្រោងសាងសង់ផ្លូវនេះ ​ចំណាយថវិកាសរុបប្រមាណ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគ​របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ Shanghai Construction Group Co., Ltd និងតម្លៃត្រួត​ពិនិត្យគម្រោង ៥,៣៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd៕


    


 

                                        


 








 

Powered by Blogger.