សម្ដេចក្រឡាហោមបញ្ជាក់ច្បាស់ «គ្មានការយកទោសពៃរ៍ពលរដ្ឋគូសខ្វែងលើសន្លឹកឆ្នោតឡើយ»
ពីវេទិកាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនៅខេត្តបាត់ដំបង នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាសម្រាប់ពលរដ្ឋដែលទៅបោះឆ្នោតនឹងគេដែរ ប៉ុន្តែបានគូសខ្វែងសន្លឹកឆ្នោតចោលនោះ មិនមានការយកទោសពៃរ៍អ្វីទេ។
បើតាមសម្ដេច សម្រាប់ការបោះឆ្នោតកន្លងទៅនេះ និងការបោះឆ្នោតជាទូទៅ បើពលរដ្ឋមិនទៅបោះឆ្នោត ដោយសារមិនពេញចិត្ត ឬមិនសប្បាយចិត្តនឹងការបោះឆ្នោត ក៏គ្មានទោសពៃរ៍អ្វីនោះដែរ។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់អំពីអត្រាអ្នកចេញទៅបោះឆ្នោត និងបោះឆ្នោតបានត្រឹមត្រូវមានចំនួនច្រើន។
សម្ដេចក្រឡាហោម បានលើកឡើងអំពីអត្រាសន្លឹកឆ្នោតមិនបានការដែល គ.ជ.ប ប្រកាសថាមានជាង៤សែនសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតជាង៨លានសន្លឹក ថាសន្លឹកឆ្នោតនោះមិនមែនសុទ្ធតែជាសន្លឹកឆ្នោតគូសខ្វែងទេ ដ្បិតមានហេតុផលផ្សេងៗដូចដែលកើតមានរៀងរាល់ការបោះឆ្នោតកន្លងមក ពិសេសកង្វះការយល់ដឹងអំពីការបោះឆ្នោតរបស់ពលរដ្ឋមួយចំនួន។
យោងតាមវិសោធនកម្មច្បាប់បោះឆ្នោត មានតែពលរដ្ឋចង់ឈរឈ្មោះបោះឆ្នោតនាការបោះឆ្នោតសាកល និងអសាកលនាខាងមុខប៉ុណ្ណោះ ដែលប្រឈមការបាត់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ប្រសិនបើមិនចូលរួមការបោះឆ្នោតចុងក្រោយ។ ប៉ុន្តែប្រសិនបើរារាំងអ្នកដៃទៃមិនឱ្យទៅបោះឆ្នោត ឬអូសទាញឱ្យគូសសន្លឹកឆ្នោតចោលនឹងប្រឈមុខការផាកពិន័យ និងទោសព្រហ្មទណ្ឌ៕
Post a Comment