រថយន្តក្រុមហ៊ុនឡាវីតាបើកបុកជាមួយរថយន្ត Toyota ស្លា.ប់ម្នាក់ របួសធ្ងន់៣នាក់

 សៀមរាប ៖ បុរសសំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែក៣នាក់ទៀត មានប្រុស១នាក់ ស្ត្រីពោះធំ១នាក់ និងក្មេងស្រីអាយុ២ឆ្នាំរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនឡាវីតា បើកបុកជាមួយរថយន្តTOYOTA RAIZE ច្រាសទិស រុញប៉ើងធ្លាក់ផ្លូវ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦ ចំណុចភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្តសៀមរាប បានឲ្យដឹងថា ភាគីខាងរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនឡាវីតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8364 ដឹកអ្នកដំណើរសរុបចំនួន១៣នាក់ មានជនជាតិបរទេស២នាក់ (ភ្នំពេញ-សៀមរាប) បើកតាមបណ្តោយផ្លូវជាតិលេខ៦ ពីកើតទៅលិច ដល់ចំណុចកើតហេតុ បានបុកជាមួយភាគីរថយន្ត ច្រាសទិស ម៉ាកTOYOTA RAIZE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-3010 ជិះគ្នា៤នាក់ ជាលក្ខណៈគ្រួសារ បើកបរដោយបុរសឈ្មោះ អេង ឆេងលាង ត្រូវជាបងប្រុសរបស់លោក អេង ឆៃអ៊ាង កូនស្រីពោះធំ កូនប្រសារប្រុស និងចៅស្រីអាយុ២ឆ្នាំ បណ្តាលឲ្យរុញប៉ើងធ្លាក់ផ្លូវទាំង២គ្រឿង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យមនុស្ស៤នាក់ខាងភាគីរថយន្ត RAIZE លោក អេង ឆេលាង បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកកូនស្រីពោះធំ កូនប្រសារប្រុស និងចៅស្រីអាយុ២ឆ្នាំ សរុប៣នាក់រងរបួសធ្ងន់ រីឯភាគីខាងរថយន្ត របស់ក្រុមហ៊ុនឡាវីតា មនុស្សទាំង១៣នាក់ ពុំមានរងរបួស កហរោយកើតហេតុនាំគ្នាចាកចេញបន្តដំណើរទៅអស់ សល់តែជនរងរបួសចំនួន៣នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

 ដោយឡែកសពលោក អេង ឆេងលាង ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារចាត់ចែកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះរថយន្តទាំង២គ្រឿងក្នុងករណីខាងលើរងខូចខាតធ្ងន់ ត្រូវបានការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្តសៀមរាបបវាស់វែងស្ទូចយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕






 

Powered by Blogger.