សម្ព័ន្ធអង្គការ សមាគម ចំនួន ២១ ចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ភ្នំពេញ ៖ សម្ព័ន្ធអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន ២១ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រកាសគាំទ្រលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអង្គការ សមាគមទាំង២១ បានរំលេចនូវខ្លឹមសារយ៉ាងដូច្នេះថា “យើងខ្ញុំទាំងអស់គ្នាជាតំណាងឱ្យអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន ២១ បានតាមដាន និងអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល ព្រមទាំងបានដាក់អ្នកសង្កេតការណ៍ជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបចំដោយ គ.ជ.ប”។

សេចក្តីថ្លែងការណ៍ដដែល បានបន្តទៀតថា “យើងខ្ញុំបានកត់សម្គាល់ឃើញថា ទាំងដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងទាំងការប្រកាសលទ្ធផល នៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង”។

សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអង្គការ សមាគមទាំង២១ បានគូសបញ្ជាក់ដែរថា “យោងតាមបរិយាកាសដ៏ល្អបំផុត នៃដំណើរការបោះឆ្នោតនេះ យើងខ្ញុំតំណាងអោយអង្គការ សមាគម ទាំង ២១ សូមប្រកាសគាំទ្រទាំងស្រុងចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នេះ”៕

                                                    



 

Powered by Blogger.