អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបករណីចរាចរគ្រឿងញៀនឆ្លងខេត្តដកហូតបានជាង ២គីឡូក្រាម

ភ្នំពេញ៖កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ០៣នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ២គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែនសមត្ថកិច្ចទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង៣នាក់ រួមមាន ទី១/ ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ, ២/ ឈ្មោះ  នឹង ចាន់ជំនោរ ហៅឆេកូ ភេទប្រុស អាយុ៤០ឆ្នាំ និង៣/ ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ៤៣ឆ្នាំ។ ជនសង្ស័យទាំងបីត្រូវបាន កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ដោយចាប់យកបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ចំនួន ២១កញ្ចប់(៤កញ្ចប់ធំ) សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន (ដបកែច្នៃ) ជញ្ជីងថ្លឹង០២ គ្រឿង សម្ភារ:វេចខ្ចប់និងថង់ច្រកមួយចំនួន។

ករណីនេះ មានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការពន្លាតសមត្ថកិច្ចដែនដីទៅខេត្តកំពង់ស្ពឺ។ បន្ទាប់ពីទទួលការបទបញ្ជាកកម្លាំងជំនាញបានសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះធ្វើការឆែកឆេរដល់ផ្ទះជនសង្ស័យ សាន ម៉ៅ ហៅហ្គាស់ ជាមេក្លោង ជួញដូរគ្រឿងញៀន ស្ថិតនៅភូមិស្រែចិន្តា សង្កាត់ព្រះស្រែ ស្រុកឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ រកឃើញវត្ថុតាងដែលជសង្ស័យបានកប់លាក់ទុកក្នុងដី នូវក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់ធំបន្ថែមទៀត ដែលសរុបមុនក្រោយ អាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាន ក្រាមពណ៌សថ្លាចំនួន ៣១កញ្ចប់តូចធំ ស្មើនឹងជាង ២គីឡូក្រាម (២០៤០,៩១ក្រាម)៕




Powered by Blogger.