សាកលវិទ្យាល័យជាតិមានជ័យ ចុះ MOU ជាមួយសាកលវិទ្យាល័យរ៉ាចាផាត់ពេជចាប៊ុន ប្រទេសថៃ

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សាកលវិទ្យាល័យជាតិមានជ័យ បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការវិស័យសិក្សាធិការជាមួយសាកលវិទ្យាល័យ រ៉ាចាផាត់ពេជចាប៊ុន ប្រទេសថៃ ។

ពិធីចុះអនុស្សរៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ជីវ សារិទ្ធ សាកលវិទ្យាធិការរង ជាតំណាងឯកឧត្តមបណ្ឌិត សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ និងលោក Nikorn Yokanya តំណាងឱ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរ៉ាចាផាត់ពេជចាប៊ុន ប្រទេសថៃ ។

តាមរយៈក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរ នឹងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរការសិក្សា គ្រូបង្រៀន និងការផ្លាស់ប្តូរវប្បធម៌ កម្មវិធីហាត់ការ ការចែករំលែកវិធីសាស្រ្ត និងសម្ភារៈបង្រៀន ការស្រាវជ្រាវ ការរៀបចំកម្មវិធីសិក្ខាសាលា និងសន្និសីទនានា ។ បន្ថែមពីនេះភាគីទាំងពីរ នឹងជំរុញឱ្យមានការពិភាក្សាគ្នាលើការបង្កើតកម្មវិធីសិក្សាទ្វេភាគី (Dual Program)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សាកលវិទ្យាល័យជាតិមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាព្រឹទ្ធបុរស មហាវិទ្យាល័យមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃសាកលវិទ្យាល័យរ៉ាចាផាត់(ទាំង៣៨) នៃព្រះរាជាណាចក្រថៃ ធ្លាប់បានចុះអនុស្សរណៈយោគយល់គ្នាម្ដងរួចហើយ ដែលភាគីថៃបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលភាសាថៃ តាមអនឡាញ មានគ្រូ និងនិស្សិត ទទួលបានវិញ្ញាបនបត្រ ចំនួន ៨៦នាក់ ផងដែរ ។ លើសពីនេះ ដើម្បីបង្ហាញពីឆន្ទៈក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យរ៉ាចាផាត់ពេជចាប៊ុន ក៏បានព្រមព្រៀងគ្នាចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការវិស័យសិក្សាធិការថែមទៀត៕

Powered by Blogger.