លោកស្រី Pelosi បានសរសើរសង្គមសេរីតៃវ៉ាន់ ធ្វើឲ្យចិនមានការសង្ស័យថា អាមេរិកបានជំរុញឲ្យមានឯករាជ្យភាពជាផ្លូវការ
ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល ២៥ឆ្នាំ ខណៈប្រធានសភាតំណាងរាស្រ្តអាមេរិក Nancy Pelosi បានសាទរកោះដែលគ្រប់គ្រងដោយខ្លួនឯងថា «សង្គមសេរីបំផុតមួយក្នុងពិភពលោក» នៅក្នុងសុន្ទរកថាទៅកាន់សភាក្នុងទីក្រុងតៃប៉ិ នាថ្ងៃពុធ ទី០៣ ខែ សីហា ឆ្នាំ២០២២ ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ទីក្រុងប៉េកាំងបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ចំពោះវត្តមានរបស់លោក Pelosi នៅលើកោះមួយដែលខ្លួននិយាយថា ជាផ្នែកមួយនៃប្រទេសចិន ជាមួយនឹងសកម្មភាពយោធានៅក្នុងដែនទឹកជុំវិញកោះ ដោយការកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង មកពន្យល់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ហើយចិនបានប្រកាសផ្អាកការនាំចូលកសិកម្មជាច្រើនពីតៃវ៉ាន់។
លោកស្រី Pelosi បានមកដល់ទីក្រុងតៃប៉ិ កាលពីយប់ថ្ងៃអង្គារ ក្នុងដំណើរទស្សនកិច្ច ដែលមិនបានប្រកាស ឬ ជូនដំណឹង ប៉ុន្ដែត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយនបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដោយមិនងាករេ ចំពោះលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់។
ថ្លែងទៅកាន់សភាតៃវ៉ាន់នាថ្ងៃពុធនេះ លោកស្រី Pelosi បានសរសើរប្រធានាធិបតីតៃវ៉ាន់ Tsai-Ing Wen ដោយធ្វើឲ្យចិនមានការសង្ស័យថា អាមេរិកបានជំរុញឲ្យមានឯករាជ្យភាពជាផ្លូវការ ដែលជាបន្ទាត់ក្រហមសម្រាប់ប្រទេសចិន។
ទន្ទឹមនោះ លោកស្រី Pelosi បាននិយាយថា ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកដែលមានគោលបំណងពង្រឹងវិស័យឧស្សាហកម្មបន្ទះឈីប របស់អាមេរិកដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន ដែលវាបានផ្ដល់ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង អាមេរិក-តៃវ៉ាន់។
លោកស្រីបន្ដថា ឥលូវនេះសាមគ្គីភាពរបស់អាមេរិកជាមួយតៃវ៉ាន់មានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយបន្ថែមថាការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាលទ្ធិប្រជាធិបតេយ្យនៅតៃវ៉ាន់ និង ពិភពលោកទាំងមូលនៅតែជាដែកថែប។
សូមជម្រាបថា នេះមិនមែនជាដំណើរទស្សនកិច្ចលើកដំបូងសម្រាប់អាមេរិកទៅកាន់កោះតៃវ៉ាន់នោះទេ ដោយប្រធានសភាអាមេរិកចុងក្រោយដែលទៅកោះតៃវ៉ាន់គឺលោក Newt Gingrich បានមកទស្សនកិច្ចក្នុងឆ្នាំ ១៩៩៧។ ប៉ុន្ដែដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នាពេលនេះកើតឡើងចំពេលដែលទំនាក់ទំនង ចិន-អាមេរិក កាន់តែយ៉ាប់យ៉ឺន និង តានតឹង ហើយប្រទេសចិនបានលេចចេញជាកម្លាំងសេដ្ឋកិច្ច យោធា និង ភូមិសាស្រ្តនយោបាយដ៏មានឥទ្ធិពលខ្លាំងជាងអំឡុងត្រីមាសមុននេះ៕
Post a Comment