ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ប្រមាណ ៤៣០ នាក់។


ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគ្រប់រូប រួមទាំង សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រឡាញ់ ជាតិមាតុភូមិ ព្រមទាំងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ។

ឯកឧត្តមបានលើកឡើងថា ស.ស.យ.ក. បាននិងកំពុង ពង្រឹងនូវតួនាទីរបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្តមបានបន្តថា ស.ស.យ.ក. បានបន្តបោះជំហានទៅមុខ យ៉ាងមោះមុតស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតី ទទួលខុសត្រូវ ដោយបានផ្តួចផ្តើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រជាប់ជាប្រចាំដល់យុវជនឱ្យមានលក្ខណៈសម្បត្តិជាវិជ្ជមានដល់សង្គម ដោយបន្តប្តេជ្ញាជំរុញការអនុវត្តការងារ និងសកម្មភាពនានាក្នុង «ផែនការយុទ្ធសាស្រ្តយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ២០២៣-២០២៨» ឱ្យសម្រេចបានលទ្ធផលជាក់ស្តែងកាន់តែច្រើនថែមទៀតសម្រាប់យុវជន និងជាតិមាតុភូមិកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំរយៈពេល១ថ្ងៃកន្លះនេះ គឺជាការជួបជុំគ្នាដើម្បីបូកសរុប ពិនិត្យវាយតម្លៃ និង អបអរសាទរចំពោះលទ្ធផលការងារដែលយើងរួមគ្នាសម្រេចបាន គិតចាប់ពីមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត នាពេលខាងមុខ។ ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានបន្ថែមថា «ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃយ៉ាងទៀងទាត់ គោលការណ៍ដឹកនាំ យន្តការ និងរបៀបរបបការងារច្បាស់លាស់ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវ វិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងភាពរឹងមាំរបស់ ស.ស.យ.ក. » ។








Powered by Blogger.