ឆេះឡៅតឿបន្ទប់ជួល និងជាកន្លែងលក់អីវ៉ាន់ ផ្អើលខណ្ឌកំបូល
រាជធានីភ្នំពេញ ៖ បន្ទប់ជួលស្នាក់នៅ និងមានដាក់លក់អីវ៉ាន់ផងចំនួន២បន្ទប់ជាប់គ្នា ត្រូវបានភ្លើងឆាបឆេះជាន់ឡៅតឿ ប៉ុន្តែពុំមានអណ្ដាតភ្លើងសន្ធោរសន្ធៅនោះទេ គ្រាន់តែមានផ្សែងហុយចេញក្រៅតែប៉ុណ្ណោះ ដែលសង្ស័យថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយភ្លាមៗនោះមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទប់ជួលខាងលើនោះសាងសង់ពីថ្មនិងដែកប្រក់ស័ង្កសី ដោយខាងក្រោមថ្មមានដាក់លក់អីវ៉ាន់ ហើយនៅលើជញ្ជាំងជាន់ឡៅតឿបិទបាំងស័ង្កសីសម្រាប់មនុស្សស្នាក់នៅ ។
ដោយឡែកនៅពេលកើតហេតុសង្ស័យឆ្លងចរន្តអគ្គិសនីនៅខាងក្នុងបន្ទប់ជាន់ឡៅតឿ នោះស្រាប់តែមានផ្សែងហុយចេញក្រៅទ្រលោម ប៉ុន្តែពុំឃើញមានអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ឬឆេះដល់អីវ៉ាន់នៅខាងក្រោមនោះឡើយ ប៉ុន្តែម្ចាស់បាននាំគ្នាជញ្ជូនអីវ៉ាន់លក់ដូរយកចេញក្រៅទាំងអស់ផងដែរ ព្រោះខ្លា.ចឆេះដល់។តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈពុំមាននរណាហ៊ានចូលទៅពន្លត់នោះឡើយ ព្រោះខ្លាចចរន្តអគ្គិសនីឆក់បណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងដល់ជីវិត ទើបរាយការណ៍ជូនអាជ្ញាធរភូមិ សង្កាត់ និងនគរបាលប៉ុស្តិ៍កន្ទោកដើម្បីសុំការអន្តរាគមន៍ ។
បន្ទាប់មកអាជ្ញាធរនិងនគរបាលក៏បានចុះទៅកាន់ទីនោះភ្លាមៗ រួចបានទាក់ទងទៅកាន់រថយន្តពន្លត់អគ្គិភ័យជួយពន្លត់ និងទាក់ទងទៅកាន់មន្ត្រីអគ្គិសនីឲ្យជួយបិទចរន្តភ្លើងផងដែរ ពេលនោះមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងទៅដល់បាញ់ពន្លត់ ទើបរលត់ទៅវិញទាំងស្រុង ៕
Post a Comment