ខឹងសុំផ្លែឪឡឹកមិនបាន វ៉ៃសម្លាប់ម្ចាស់ចំការចោល



បន្ទាយមានជ័យ៖ សាហាវណាស់ បុរសម្នាក់វ័យ ៣១ឆ្នាំខឹងសុំផ្លែឪឡឹកលោកតាវ័យចំណាស់ម្នាក់ហូបមិនបាន ទាញដំបងវាយបណ្តាលឱ្យស្លាប់ភ្លាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការមិននឹកស្មានដល់នេះកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពថាជនរងគ្រោះឈ្មោះ ព្រឿង ព្រឿយ ភេទប្រុស អាយុ ៨១ឆ្នាំ ។ ចំណែកជនសង្ស័យឈ្មោះ សូ ឡិ ភេទប្រុស អាយុន៣១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុជាមួយគ្នា។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះ ហើយបានឃើញផ្លែឪឡឹកមួយចំហៀង ក៏សុំជនរងគ្រោះហូប តែជនរងគ្រោះមិនឲ្យ ថាទុកឲ្យចៅគាត់ហូប ស្រាប់តែជនសង្ស័យខឹងក៏ទាញដំបងឈើវាយទៅលើជនរងគ្រោះ ត្រូវចំឆ្អឹងជំនីខាងឆ្វេងមួយកន្លែង និងកែងដៃស្តាំមួយកន្លែង បណ្តាលឲ្យស្លាប់តែម្តង។

ជនសង្ស័យត្រូវបានម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាម នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត អនុវត្តនិតិវិធីបន្ត៕

                                





 

Powered by Blogger.