កងកម្លាំងអង្គរក្ស៥០០នាក់ រួមជាមួយអាវុធសម្រាប់បាញ់ដ្រូន បានចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តរតនគិរី .........

កម្លាំងយោធាចេញពីបញ្ជាការដ្ឋានអង្គរក្ស៥០០នាក់ អមជាមួយអាវុធ២០០ដើម សម្រាប់បាញ់ដ្រូន ដែលបានចេញដំណើរពីបន្ទាយកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានទៅដល់ទឹកដីខេត្តរតនគិរីនៅយប់ថ្ងៃដដែល។

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងអង្គរក្សទាំង៥០០នាក់ បានចាកចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់ខេត្តរតនគិរី ទីដែលមានយន្តហោះគ្មានមនុស្សបើក (ដ្រូន) មួយចំនួនហោះចូលទឹកដីកម្ពុជា។

ប្រតិបត្តិការត្រៀមកម្ទេចយន្តហោះគ្មានមនុស្សបើកដឹកនាំបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ក្រោយមានបញ្ជាដ៏ម៉ឹងម៉ាត់ និងមានឥទ្ធិពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាឲ្យបញ្ជូនកងកម្លាំងទៅបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើកនៅក្នុងខេត្តជាប់ព្រំដែនវៀតណាម។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក៏បានចេញសារបន្ទាន់មួយទៀត ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភិតភ័យចំពោះការចល័តកងទ័ពទៅការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ដើម្បីកំចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស។

សម្តេចបានបញ្ជាក់ថា ការចល័តកងទ័ពបន្ថែមចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងត្បូងឃ្មុំ គឺជាកម្លាំងអន្តរាគមន៍ដើម្បីជួយដល់យុទ្ធភូមិភាគទី១ ដោយសារតែការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលមិនដឹងប្រភពចេញពីកន្លែងណា។

សម្តេចតេជោ ហ៊ុន សែន ក៏ស្នើដល់ប្រជាពលរដ្ឋសហការផ្តល់ព័ត៌មានដល់កងទ័ព ពាក់ព័ន្ធនឹងភេរវកម្ម និងអះអាងថា អាវុធកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់នឹងការបាញ់កម្ទេចដ្រូនទាំងនេះ។ សម្តេចក៏អំពាវនាវដល់ប្រទេសជិតខាង ដែលផ្តល់ទីតាំងសម្រាប់ការហោះហើរបស់ដ្រូនខាងលើ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ៕








 

Powered by Blogger.