លោក គង់ សារិទ្ធិ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនប្អូនប្រុស សូត្រ ម៉ានឿន នៅខេត្តកំពង់ស្ពឺ

 កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្អូនប្រុស សូត្រ ម៉ានឿន និងក្រុមគ្រួសារ ដែលជួបការលំបាកផ្នែកជីវភាព រស់នៅភូមិតាំងរងៀង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក គង់ សារិទ្ធិ និងក្រុមការងារ ប្រគល់ជូនដល់ក្រុមគ្រួសារប្អូនប្រុស សូត្រ ម៉ានឿន នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១លានរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ កាបូបស្ពាយសម្រាប់ដាក់សម្ភារៈសិក្សា ចំនួន ១ សៀវភៅសរសេរ ចំនួន ២០ក្បាល ប៊ិច ចំនួន ៥ដើម និងខ្មៅដៃ ចំនួន ៥ដើម។ និងបានជូនថវិកាដល់លោកយាយចាស់ៗ និងក្មេងៗ ដែលចូលរួម ចំនួន ២០ម៉ឺនរៀលផងដែរ។

គួររំលឹកថា ប្អូនប្រុស សូត្រ ម៉ានឿន អាយុ ១០ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាមួយនៅក្នុងស្រុកភ្នំស្រួច ប៉ុន្តែប្អូនប្រុសពុំសូវទៅរៀនសូត្របានជាប់លាប់ទេ ដោយសារជីវភាពគ្រួសារ ប្អូនប្រុសត្រូវសុំច្បាប់គ្រូជារឿយៗ ដើម្បីទៅស៊ីឈ្នួលលាងចានឲ្យគេជាមួយម្តាយ យកកម្រៃ ក្នុងកម្មវិធីមង្គលការ ឬបុណ្យទានផ្សេងៗ និងត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការបង្ហោះ និងស៊ែរវីដេអូប្អូនប្រុស ចែកចាយតៗគ្នាយ៉ាងកក្រើក នាពេលកន្លងមក៕

                                       







Powered by Blogger.