សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ថា កុំប្រើឱកាសបោះឆ្នោតទន្ទ្រានដីរដ្ឋនិងបំផ្លាញព្រៃឈើ សម្ដេចតេជោដឹងរឿងក៏បញ្ជាឱ្យបង្ក្រាបជាបន្ទាន់!
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាផ្ទាល់មាត់តាមរយៈសារជាសំឡេងលើបណ្ដាញសង្គមតេឡេក្រាម ឱ្យរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បញ្ចេញកម្លាំងរារាំង និងបង្ក្រាបជនល្មើសដែលកំពុងបង្កើនសកម្មភាពកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ និងបំផ្លាញព្រៃឈើ។ នេះបើតាមសារដែលសម្ដេចផ្ញើចេញនៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចតេជោបានមានប្រសាសន៍ថា«ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីបំផ្លាញចោលនូវពួកខិលខូចដែលឆ្លៀតឱកាសរាជរដ្ឋាភិបាលកំពុងជាប់រវល់នឹងកិច្ចការបោះឆ្នោត ហើយគេលួចទៅកាប់បំផ្លាញព្រៃឈើ បញ្ហាទាំងអស់នេះ គឺពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវដែលជាអភិបាលខេត្តមានព្រៃឈើទាំងនោះ សូមយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះ»។
សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋទាំងឡាយសូមមេត្តាគោរពច្បាប់ កុំទន្ទ្រានយកដីរបស់រដ្ឋ និងបានដាក់បទបញ្ជាឱ្យចាប់មេយកមេក្លោងបំពានច្បាប់ទាំងនោះមកផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង។ សម្ដេចបន្ថែមថា«យើងមិនអាចលើកលែង ហើយយោគយល់ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នោះទេ យើងត្រូវធ្វើកិច្ចការដើម្បីការពារធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីរបស់រដ្ឋ»។
ភ្ជាប់នឹងការព្រមានចាត់វិធានការច្បាប់ សម្ដេចតេជោក៏បានអំពាវនាវអ្នកមានប្រាក់ មានអំណាចនៅឈរពីក្រោយខ្នងជនខិលខូច ឬប្រើជនខិលខូចទៅកាន់ទន្ទ្រានយកព្រៃឈើត្រូវដកខ្លួនចេញជាបន្ទាន់ និងបានព្រមានបន្ថែមទៀតថាប្រសិនបើមានការស្រាវជ្រាវឃើញថាមានជាប់ពាក់ព័ន្ធជនណា ឬមន្រ្តីណាក៏ដោយ រាជរដ្ឋាភិបាលនឹងមិនអត់ឱនឬលើកលែងចំពោះសកម្មភាពនៅពីក្រោយនោះឡើយ៕
Post a Comment