ឯកឧត្តម ស សុខា ៖ ការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ ស.ស.យ.ក. ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា

ព្រៃវែង ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ៖ ការចូលរួមស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់ ស.ស.យ.ក. ខេត្តព្រៃវែង ក៏ដូចជា ស.ស.យ.ក. ទូទាំងប្រទេស គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងការចូលរួមជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាបានសេរីភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងដំណើរការបោះឆ្នោត ជាពិសេសដើម្បីបណ្តុះស្មារតីយុវជនគ្រប់រូបឲ្យ យល់ពីកាតព្វកិច្ច និងចេះទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិរបស់ខ្លួន។

ការលើកឡើងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តមជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍បោះឆ្នោតជាតិរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្តព្រៃវែង ក្រុមការងារចុះជួយ ស.ស.យ.ក. និងប្រធាន ស.ស.យ.ក. ស្រុក ក្រុងទាំង១៣ ជាពិសេសសមាជិក សមាជិកាទាំងអស់ ចំពោះការលះបង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការស្ម័គ្រចិត្តចូលរួមជាអ្នកសង្កេតការណ៍ជាតិក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕

                                        

                                       










                                       

Powered by Blogger.