ឯកឧត្តម ស សុខា ចេញសារអបអរសាទរកម្ពុជា ដែលត្រូវបាន FATF សម្រេចដកចេញពីបញ្ជីប្រផេះ

 ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន អបអរសាទរកម្ពុជា ដែលត្រូវបាន FATF សម្រេចដកចេញពីបញ្ជីប្រផេះ។



ឯកឧត្តម ស សុខា បានសរសេរយ៉ាងដូច្នេះថា ៖ ក្នុងនាមពលរដ្ឋខ្មែរមួយរូប ឯកឧត្តមពិតជាមានក្តីរំភើបរីករាយយ៉ាងក្រៃលែង បន្ទាប់ពីទទួលដំណឹងថា ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់ ឬ “FATF” បានបង្ហាញព័ត៌មានជាផ្លូវការនៅលើគេហទំព័រ(Website) របស់ខ្លួន ដោយបញ្ជាក់ថាកម្ពុជាយើងលែងស្ថិតនៅក្នុងបញ្ជីប្រផេះទៀតហើយ ។



ឯកឧត្តម ស សុខា បានបន្តថា លទ្ធផលដ៏អស្ចារ្យមួយនេះ កើតឡើងពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការវាយតម្លៃផ្ទាល់ពី FATF ។



ក្នុងសារអបអរដដែល ឯកឧត្តម ស សុខា បានបន្តទៀតថា ការប្រកាសដកកម្ពុជាចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមិនមានសមាជិកណា ចេញមុខជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។ ផ្ទុយទៅវិញកម្ពុជាយើងទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន ១៨ ស្ថាប័នអន្តរជាតិ ចំនួន ២ (APG និង EU Commission) និងប្រទេសសមាជិក ចំនួន ១៦ ទៀតដូចជា ៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម៕







Powered by Blogger.