កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?
យោងតាមសេចក្តីណែនាំលេខ០០៦ សណន របស់ក្រសួងមហាផ្ទៃ ដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការ ពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្រសួង បានសម្រេចដាក់ចេញសេចក្តីណែនាំថ្មីស្តីពីបែបបទនីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួមហាផ្ទៃ។
ចំពោះទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ដែលអាចកែតម្រូវបាន លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា គឺជាទិន្នន័យដែលបានសរសេរខុស ឬភាន់ច្រឡំព័ត៌មាន ឬខកខានមិនបានបំពេញព័ត៌មាន (កំហុសបច្ចេកទេស) ដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្នុងករណីណាមួយ ដូចជា ៖ ការខុសឆ្គងអក្ខរាវិរុទ្ធលើនាមត្រកូល និង/ឬនាមខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ (មានន័យថាសូរសំឡេងដូចគ្នា ឬប្រហាក់ប្រហែលគ្នាប៉ុន្តែការសរសេរខុសគ្នា ឬមានកំហុសផ្សេងទៀត)។
ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យរងដដែល ការសរសេរខុស “ភេទ” នៅពេលចុះបញ្ជីដូចជាភេទ “ប្រុស” តែសរសេរដាក់ថាភេទ “ស្រី” ឬភេទ “ស្រី” តែសរសេរដាក់ថាភេទ “ប្រុស” ការចុះបញ្ជីដោយភាន់ច្រឡំលើថ្ងៃខែឆ្នាំកំណើតរបស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ ករណីខុសថ្ងៃកំណើតសុរិយគតិ ដូចជា៖ថ្ងៃទី៣០ ខែកុម្ភៈ ឬថ្ងៃទី៣១ ខែមេសា។ ខុសថ្ងៃកំណើតចន្ទគតិ ដូចជាសរសេរចុះដាក់ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ១៩៨៩ ប៉ុន្តែជាក់ស្តែងថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៩ ជាថ្ងៃអង្គារ ការភាន់ច្រឡំទីតាំងភូមិសាស្ត្ររដ្ឋបាល ដូចជា៖ សរសេរដាក់ថា ស្រុកអង្គរបុរី ខេត្តសៀមរាប ប៉ុន្តែជាក់ស្តែងស្រុកអង្គរបុរី ស្ថិតនៅក្នុងខេត្តតាកែវ ក៏សុទ្ធតែអាចស្នើសុំកែតម្រូវដូចគ្នាដែរ។
បន្ថែមលើនេះ ករណីមានខ្ទង់ទីកន្លែងកំណើត បានសរសេរខុសពីទីកន្លែងកំណើតដែលសាមីខ្លួន បានកើតជាក់ស្តែង ឬសរសេរខុសទីតាំងភូមិសាស្ត្ររដ្ឋបាលនាសម័យដែលបុគ្គលនោះកើត។ ឧទាហរណ៍. បញ្ជីកំណើតរបស់បុគ្គល ម្នាក់បានចុះថាកើតឆ្នាំ១៩៨៥ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែក្នុងអំឡុងឆ្នាំ១៩៨៥ ស្រុកមង្គលបុរី ស្ថិតនៅក្នុងខេត្តបាត់ដំបង ពីព្រោះនៅឆ្នាំ១៩៨៥ មិនទាន់បង្កើតខេត្តបន្ទាយមានជ័យ នៅឡើយ និងការខកខានមិនបានចុះព័ត៌មាននៅក្នុងបញ្ជីអត្រានុកូលដ្ឋាន លើកលែងតែការបន្ថែមទិន្នន័យព័ត៌មានណាដែលធ្វើឱ្យសាមីខ្លួនរួចផុតពីការទទួលខុសត្រូវខាងផ្លូវច្បាប់ និងកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ ក៏សុទ្ធតែអាចស្នើសុំកែតម្រូវបានដូចគ្នា។
ដោយឡែកចំពោះការមោឃភាពបញ្ជីអត្រានុកូលដ្ឋានវិញ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា ការមោឃភាព អាចធ្វើបានក្នុងករណីណាមួយដូចជា៖ ការចុះបញ្ជីផ្ទុយពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ការចុះខុសបែបបទ នីតិវិធីនៃការងារអត្រានុកូលដ្ឋាន ចុះបញ្ជីអត្រានុកូលដ្ឋានលើសពី ១ (មួយ) ដង នៅកន្លែងដដែល ឬនៅកន្លែងផ្សេងទៀត និងការមោឃភាពលើបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។
បន្ទាប់ពីបានដឹងច្បាស់នូវករណីដែលអាចស្នើសុំកែតម្រូវបាន ដោយពុំចាំបាច់ឡើងដល់ស្ថាប័នតុលាការ ខាងក្រោមនេះជានីតិវិធីដោះស្រាយងាយៗដែលអ្នកក៏ត្រូវដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ។
បើតាមលោកបណ្ឌិត ទូច សុឃៈ ចំពោះការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន បើស្ថិតនៅក្នុងឆ្នាំដែលកំពុងអនុវត្ត (គិតពីថ្ងៃទី១ ខែមករា មកទល់ថ្ងៃទី៣១ ខែធ្នូ) គឺលោកអ្នក អាចធ្វើការស្នើបានតាមរយៈ ឃុំ សង្កាត់របស់ខ្លួន ដែលបានចុះបញ្ជី ប៉ុន្តែបើផុតពីឆ្នាំដែលអនុវត្តវិញ ការស្នើសុំកែតម្រូវទិន្នន័យ គឺស្ថិតនៅថ្នាក់ជាតិ (អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម) ផ្ទុយពីនេះរាល់ការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដែលមិនមែនជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋាន ពោលគឺក្រៅពីចំណុចដែលបញ្ជាក់ពីការអាចកែតម្រូវបាននោះ គឺជាសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ដែលមានសមត្ថកិច្ចតាមច្បាប់កំណត់៕
Post a Comment