ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital ដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឱ្យបន្តធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងអំពើល្មើស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពជាងពេលមុន។

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការខិតខំប្រឹងប្រែងបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital ជាកត្តាចម្បងមួយក្នុងការរួមចំណែកគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ ជាពិសេសគឺបែងចែកព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ដើម្បីចាត់ការបង្ការ និងបង្ក្រាបទាន់ពេលវេលាក្នុងកម្រិតអតិបរមា។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏មានប្រសាសន៍ឱ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងតែដំណើរការយ៉ាងសកម្ម ដោយបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទិន្នន័យពិន័យ និងដកពិន្ទុបណ្ណបើកបរ ព្រមទាំងបានរៀបចំប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បន្ថែមលើប្រព័ន្ធទិន្នន័យយានយន្តចុះបញ្ជីដែលមានស្រាប់ហើយ ក្នុងគោលដៅរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតរបស់ប្រជាជន។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញនៅតាមរដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស ត្រូវបន្តបង្កើនការកសាងសមត្ថភាពចំណេះដឹងអំពីច្បាប់ ជំនាញ ប្រព័ន្ធបច្ចេកវិទ្យា មានសីលធម៌ វិន័យ ស្មោះត្រង់ក្នុងវិជ្ជាជីវៈប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសគឺរឹតបន្តឹងអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ ការពិនិត្យ និងអង្កេតកន្លែងកើតហេតុគ្រោះថ្នាក់ច្រើន សំដៅរកឱ្យឃើញមូលហេតុជាក់លាក់បង្កគ្រោះថ្នាក់ បន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់ឡើយ។

បន្ថែមលើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបន្តណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ពង្រឹងយន្តការតាមដានប្រតិកម្មរបស់សាធារណជន ដើម្បីបកស្រាយឆ្លើយតបទាន់ពេលវេលា សំដៅកាត់បន្ថយទស្សនៈភាន់ច្រឡំពីសាធារណជន និងបន្សាបឥទ្ធិពលព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម ហើយត្រូវបង្កើនភាពគំរូក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយផ្តើមចេញពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។

គួរបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ ករណីគ្រោះថ្នាក់ បានកើតឡើង ចំនួន ១ ៥៣៤លើក មានការថយចុះចំនួន ១៤លើក ស្មើ ១ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៣  ប៉ុន្តែចំនួនជនរងគ្រោះមានកំណើនខ្ពស់ជាងឆមាសទី១ ឆ្នាំ២០២៣ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៩៣នាក់ កើនចំនួន ៣៧នាក់ ស្មើនឹង ៥ភាគរយ និងអ្នករបួសចំនួន ២ ១១៦នាក់ កើនចំនួន ៤៤នាក់ ស្មើនឹង ២%។ គ្រោះថ្នាក់ទាំងនេះ បានបង្កដោយអ្នកជិះម៉ូតូ ៤៩%  អ្នកបើកបររថយន្តធុនស្រាល ៣២% អ្នកបើកបររថយន្តធុនធ្ងន់ ១០% និងអ្នកបើកបរយានផ្សេងៗចំនួន ៨ភាគរយ។ កត្តាដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ការបើកបរលើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ល្មើសការបត់ ល្មើសវ៉ាជែង កត្តាយាន កត្តាស្រវឹង និងល្មើសសញ្ញាចរាចរណ៍៕












 

Powered by Blogger.